សៀមរាប; ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ជារៀងរាល់ឆ្នាំឱ្យតែដល់ខែមាឃ អ្នកភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប តែងតែនាំគ្នាប្រារព្ធពិធីរកត្រី ដើម្បីត្រៀមឡើងមាឃ ឬឡើងអ្នកតាតាម ទំនៀមទម្លាប់របស់ប្រជាពលរដ្ឋនៅក្នុងតំបន់មិនដែលខកខាន។ពិធីនេះបានធ្វើឡើងនៅត្រពាំងបឹង ដែលសហគមន៍បានអភិរក្សទុកមិនឱ្យមាន ការលួចនេសាទឡើយ គឺរហូតដល់មានការណាត់គ្នាពីលោកមេភូមិថា កំណត់ថ្ងៃណា មួយដើម្បីនេសាទ ទើបអ្នកភូមិនាំគ្នាទៅរកត្រីបាន។លោក ពេជ្រ ឃិន មេភូមិបង្កោង បានឱ្យដឹងថា ដោយសារឆ្នាំ២០២២នេះស្ថានភាពទឹក ក្នុងត្រពាំងបឹង មានសភាពច្រើន ទើបគណៈកម្មាការសម្រេចកំណត់យកថ្ងៃទី២១ ខែកុម្ភៈនេះ ជាថ្ងៃរួមគ្នាចាប់ត្រី ដើម្បីប្រារព្ធពិធីឡើងមាឃ។
លោកបន្តថា ប្រជាពលរដ្ឋប្រមាណ ៣៤៧គ្រួសារ រស់នៅក្នុងភូមិបង្កោងនេះ បានមកជួបជុំគ្នាតាំងព្រលឹមស្រាងៗ ដោយមានភ្ជាប់ មកជានូវឧបករណ៍ពីបុរាណមាន ឈ្នាង អង្រុត និងសំណាញ់ជាដើម ដើម្បីត្រៀមចុះចាប់ ត្រីរួមគ្នា ក្រោយពេលគណៈកម្មាការប្រកាសមេក្រូ និងបាញ់កាំជ្រួចជាសញ្ញា។លោកបន្តទៀតថា ជាមធ្យមក្នុងមួយឆ្នាំៗទិន្នផលត្រីដែលអ្នកភូមិចាប់បាន មិនតិច ជាង១០០គីឡូក្រាម ប៉ុន្តែសម្រាប់ឆ្នាំនេះ ទិន្នផលត្រីអាចមានការកើនឡើងជាងរាល់ឆ្នាំ ព្រោះគណៈកម្មាការភូមិ តែងតែរួមគ្នាអភិរក្សទុក មិនឱ្យមានការលួចនេសាទឡើយខុស ច្បាប់ឡើយ។
លោក ភ័ក្រ ភ័ណ្ឌ ប្រជាពលរដ្ឋរស់នៅភូមិបង្កោង បានឱ្យដឹងថា ជារៀងរាល់ឆ្នាំ មិនដែលខកខានមួយឆ្នាំណាឡើយ បងប្អូននៅក្នុងភូមិទាំងអស់ តែងតែប្រារព្ធពិធីចាប់ត្រី រួមគ្នានៅក្នុងត្រពាំងអភិរក្សនេះ ដោយក្តីសប្បាយរីករាយ ដើម្បីយកត្រីដែលបង់បាន មក ធ្វើជាទឹកសម្លរ នំបញ្ចុក និងម្ហូបអាហារផ្សេងៗដើម្បីប្រារព្ធ ពិធីបុណ្យភូមិ ឬពិធីឡើងមាឃរួម គ្នា។ លោកបន្តថា អ្នកភូមិដែលមកនេសាទទាំងអស់ មិនផ្តោតតែលើរកត្រី មួយមុខនោះទេ គឺមកជួបជុំ សប្បាយរីករាយ និងបង្ហាញសាមគ្គីភាពកាន់តែស្និទ្ធស្នាល រវាងប្រជាជននៅក្នុង ភូមិថែមទៀតផង។សូមបញ្ជាក់ថា តំបន់រមណីយដ្ឋានអង្គរ ជាតំបន់បេតិកភណ្ឌរស់ដែលសម្បូរទៅដោយ មរតកអរូបីជាច្រើន ហើយត្រូវបានអ្នករស់នៅក្នុងតំបន់អង្គរបន្តប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន រហូតមកដល់បច្ចុប្បន្ន។
ពិធីបុណ្យឡើងមាឃ ឬបុណ្យឡើងអ្នកតា ក៏ជាទំនៀម ទម្លាប់ប្រពៃណីមួយក្នុងចំណោមបេតិកភណ្ឌអរូបីជាច្រើន អ្នករស់នៅតំបន់អង្គរ តែងតែបានប្រតិបត្តិ៕




0 Comments:
Post a Comment