សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel: 017357556/ 0963622640

Wednesday, January 31, 2024

រឿង ចៅ ចាក់ស្មុគ


រឿង ចៅ ចាក់ស្មុគ៖ ជាឈ្មោះកំលោះកំសត់ទុគ៌ត រស់នៅកំព្រាគ្មានញាតិសន្តាន ប្រកបរបរ ចាក់ស្មុគនិងកន្ត្រកលក់។ ចៅនោះប៉ិនប្រសប់ល្អខាងចាក់ស្មុគនិងកន្ត្រកគ្មាននរណាចេះស្មើ ធ្វើឱ្យអ្នកភូមិពេញចិត្តនិងជួយទិញហូរហែ។

ពេលលក់អស់ គាត់ធ្វើការចាក់ស្មុគជាថ្មីដោយរៀបចំប្រដាប់ប្រដាមានកាំបិតត្នោត បាយ សំណុំទឹកបំពង់ ធ្វើដំណើរទៅឡើងដើមត្នោតលៃមួយនៅក្នុងព្រៃស្ងាត់ ។ រាល់លើកគាត់មិន ដែលហ៊ានចាក់ស្មុគនៅដីទេ ព្រោះខ្លាចគេលបមើលស្គាល់តម្រិះ។

ក្រោមជំនោររំភើយនៃអរុណោទ័យ ចៅនោះអង្គុយផ្អែកលើធាងត្នោតក្បែរគ្រឿងឧបភោគ បរិភោគដែលកល់ទ្រដោយផ្លែត្នោតខ្ចី សំងំចាក់ស្មុគយ៉ាងត្រជាក់ចិត្ត។

លុះចាក់ស្មុគបានច្រើនក៏កើតក្ដីត្រេកអររីករាយនឹកគិតអណ្តែតអណ្តូងតែឯងថា : យក ស្មុគទៅលក់យកលុយទិញមេមាន់ចិញ្ចឹម ដល់យូរទៅមាន់ពង ញាស់ កូនសាយច្រើនឡើងៗ ចាប់មាន់លក់យកលុយទិញកូនជ្រូកម្ដង ដល់កូនជ្រូកធំចាប់វាលក់ទៀតយកប្រាក់ទិញគោ...។ ផលរបរចេះតែកាក់កបឈានឡើងបណ្តើរៗ។

លុះគោធំលក់វាទៀតយកប្រាក់ទិញស្រែចំការទិញផ្ទះនៅជាសុខសប្បាយ។ ពេលធ្វើ ស្រែចំការបានផល លក់ស្រូវ លក់ផ្លែផល្លា បានលុយរៀបការប្រពន្ធស្អាត ដល់នៅយូរទៅ បានកូនប្រុសក្រមាប់មួយទៀត បង្កើនសមាជិកកំដរគ្រួសារឱ្យរីករាយនិងកក់ក្តៅ។

រកទិញខ្ញុំស្រីម្នាក់គ្រាន់ជួយមើលអាម៉ាប់សំណព្វចិត្ត កុំឱ្យនាងប្រពន្ធពិបាកហត់នឿយ តទៅ។ ទាសីត្រូវមើលថែអាម៉ាប់ដោយយកចិត្តទុកដាក់ខ្ពស់ បើវាបីពទ្រកូនមិន អាម៉ាប់ដួលចុះនោះ...នោះ ?

យើងនឹងទះតប់ធាក់ក្បាលវាឱ្យណាណីកុំឱ្យវាធ្លាប់។ ទាំងនេះសុទ្ធតែជាការគិតសាន់វ៉ុណ ពីផលរបរស្មុគនាពេលកំពុងចាក់វានៅលើចុងត្នោតប៉ុណ្ណោះ។ តែ.....

ចៅនោះភ្លើនសតិខឹងនឹងទាសីខ្លាំង គិតឈានទៅដល់ទាត់ធាក់ ក៏យារជើងធ្លាក់មែន ទៅលើធាងត្នោតដោយពេញកម្លាំង ហើយក៏រអិលធ្លាក់ចុះចាកចុងត្នោតទៅ តែចៅនោះ ភ្ញាក់ស្មារតីដឹងខ្លួនទាន់ ក៏ស្រវាចាប់ចុងស្លឹកត្នោតជាប់។


ចៅ ចាក់ស្មុគ នៅយោលតោងកណ្តាលវាល រងទុក្ខវេទនាដោយភ័យនឹងក្តីស្លាប់ ចង់ស្រវាឡើងលើក៏ពុំបាន ព្រោះត្រូវមុតនឹងបន្លាធាងត្នោត ថាបើទម្លាក់ខ្លួនចុះមកដីខ្លះខ្លាច ងាប់ ព្រោះត្នោតនេះលៃខ្ពស់ណាស់។ រឿងហេតុនេះធ្វើឱ្យហ្មដំរីម្នាក់បរកាត់ទីនោះទទួល បានការភ្ញាក់ផ្អើលនឹកអស់សំណើចជាខ្លាំង។

ចៅ ចាក់ស្មុគ ស្រែកអង្វរទៅ ទម៉ក ដំរីថា “ឱលោកបងអើយ មេត្តាជួយដាក់ខ្ញុំបាទ ចុះផង បើខ្ញុំបានរួចអាយុ ខ្ញុំនឹងទៅបំរើលោកបង”។ ឧម៉ក ឮហើយពេញចិត្តនឹងពាក្យសន្យានោះ ក៏បរដំរីទៅឈប់ពីក្រោមដើមត្នោត រួចងើបឈរញញីញញ័រដូចគេរាំទ្វីស ចំអើតជើង បោះដៃទៅលើទទួល។

កាយវិការនេះចៅ ឧម៉ក ខំប្រឹងទប់ខ្លួនឡើងរង្គើកគ្រប់សរសៃដូចគេអង្រន់លើខ្នង ដំរី។ ទើបចាប់បានជើងចៅយោលទោងពុំទាន់ស៊ប់ល្អផង ដំរីក៏ដើរចេញទៅព្រោះស្មានថា ម្ចាស់ឱ្យសញ្ញាចេញដំណើរ។

បុរសទាំងពីរនៅតោងគ្នាជាប់រយោង មើលទៅដូចជាផ្លែឈើពីរធំវែង។ ហ្វូងក្អែកទាំង ឡាយឆ្ងល់នឹងទស្សនីយភាពចម្លែកនោះ ក៏តាំងហើរក្រឡឹងឆាប ហើយស្រែកលាន់ទ្រហឹង។

ចៅ ចាក់ស្មុគ កាន់តែធ្ងន់ខ្លួនទៅៗ ប្រឹងរឹតចុងស្លឹកត្នោតឡើងមុតដៃស្រក់ឈាមតក់ៗ លើក្បាល ចៅ ទម័ក អង្វរឱ្យ ទម័ក លែងជើងគាត់ចេញព្រោះគាត់អស់កំលាំងណាស់ហើយ អង្វររួច បែរជេរប្រទេចស្ដោះទឹកមាត់ដាក់ក្បាលជាច្រើនដងទៀត។ ឧម៉ក ពុំតបតថែមទាំង អង្វរវិញថា “ចូរអ្នកចាប់ចុងស្លឹកត្នោតឱ្យជាប់កុំលែងដៃអី បើខ្ញុំរួចជីវិតម្តងនេះទេ ខ្ញុំនឹងទទួលគុណអ្នក ដាក់លើក្បាលនិងទៅនៅជាខ្ញុំបំរើអ្នកហោង ” ។

ពេលនោះលេចតា ទំពែក បួននាក់ធ្វើដំណើរមកដល់។ ចៅយោលទោងទាំងពីរក៏ស្តី អង្វរទៅថា "លោកអុំ លោកមាអើយជួយយកអាយុខ្ញុំបាទផង បើខ្ញុំបាទបានរួចជីវិតហើយ នឹងទៅនៅជាខ្ញុំបំរើលោក”។ ទំពែក ឮដូច្នោះមានចិត្តត្រេកអរណាស់ ព្រោះសមនឹងបំ ណងកំពុងដើររកទាសាស្រាប់ តែមិនដឹងថាតើជួយដូចម្ដេចបាន?

ស្តាប់បាននូវការពន្យល់ពីចៅទាំងពីរ តា ទំពែក យកអណ្ដូងមកកាងជារាង៤ជ្រុង ហើយ យកចុងខ្សែចងព័ន្ធករៀងៗខ្លួនដើម្បីឱ្យជាប់មាំល្អ ថាបើឱ្យគាត់កាន់អណ្តូងនៅដៃដូចចៅនោះប្រាប់ ខ្លាចកាន់របូត។ លុះរៀបរ័យរួចហើយ ក៏ហៅចៅទាំងពីរឱ្យទម្លាក់ខ្លួនចុះព្រមគ្នាមួយរំពេច។

ទម្ងន់មនុស្សពីរនាក់បានកន្ត្រាក់ក្បាល ទំពែក ទាំងបួនឱ្យរត់បុកគ្នាលាន់ភូស ធ្វើឱ្យបែក ក្បាលធ្លាយខួរដល់នូវមរណកាលគ្រានោះទៅ។ ចៅ ចាក់ស្មុគ និង ឧម៉ក បានចាត់ចែង កប់សពតា ទំពែក ទាំងបួននៅទីព្រៃនោះហើយសំពះស្មាលាទោសតាមទំនៀម រួចក៏បែក គ្នាទៅកាន់លំនៅរៀងៗខ្លួនហោង។



0 Comments:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes